Sunday, June 7, 2015



លោក​អូបាម៉ា​អញ្ជើញ​ទៅ​ដល់​រដ្ឋ Bavaria ដើម្បី​ចូល​រួម​កិច្ចប្រជុំ​ G7ប្រភព៖​ wsbtv.com
១- លោកអូបាម៉ាចង់ជួសជុលទំនាក់ទំនងអាមេរិក- អាល្លឺម៉ង់ឲ្យបានល្អប្រសើរឡើងវិញ។ លោកប្រធានាធិបតីអូបាម៉ា (Obama) មានវត្ថុបំណងសំខាន់មួយក្នុងដំណើរទស្សនកិច្ចលើកនេះទៅកាន់រដ្ឋបាវ៉ារៀ (Bavaria) ប្រទេសអាល្លឺម៉ង់ ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃប្រទេសដែលមានឧស្សាហកម្មរីកលូតលាស់ខ្លាំងទាំង ៧ ហៅកាត់ថា G7។ លោកចង់ឲ្យមានឯកភាពផ្ទៃក្នុង ក្នុងចំណោមបណ្ដាប្រទេសដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋ​អាមេរិក​ នៅបស្ចិមប្រទេស។ នៅក្នុងនោះ លោកគ្រោងលើកយកបញ្ហាដែលរដ្ឋាភិបាលអាមេរិកបានលបស្ដាប់ទូរស័ព្ទលោកស្រី Angela Merkel និយាយគ្នាពីចម្ងាយ ព្រោះមួយរយៈចុងក្រោយនេះ នៅក្នុងសតិអារម្មណ៍របស់ជនជាតិអាល្លឺម៉ង់កំពុងមានគំនិត «ស្អប់អាមេរិក – anti-Americanism» មិនទាន់រសាយបាត់ពីក្នុងចិត្តនៅឡើយទេ។

២- រដ្ឋាភិបាលថៃធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីបង្ហាញថារដ្ឋាភិបាលពិតជាប្រយុទ្ធប្រឆាំងនឹងអំពើរត់ពន្ធមនុស្ស។ ចំណាត់ការដែលរដ្ឋាភិបាលដាក់ចេញកន្លងមកមានដូចជា៖ ១- អញ្ជើញអ្នកកាសែតចុះទៅដល់កន្លែងនេសាទ និងកន្លែងពលករធ្វើការនៅតាមការដ្ឋាន រោងចក្រ និងតំបន់នេសាទ ២- សហការជាមួយប្រទេសជិតខាង និងសហរដ្ឋអាមេរិក ៣- ចាប់ខ្លួនមន្ត្រីក្នុងជួររដ្ឋាភិបាលដែលជាប់សង្ស័យក្នុងអំពើជួញដូរមនុស្ស។ រដ្ឋាភិបាលថៃព្យាយាមអន្ទងចិត្តក្រុមបស្ចិមប្រទេសឲ្យដកទណ្ឌកម្មសេដ្ឋកិច្ចដែលបានដាក់លើប្រទេសថៃ ចាប់តាំងពីមានអំពើរដ្ឋប្រហារទម្លាក់លោកស្រីយីងឡាក់។

៣- បស្ចិមប្រទេសមិនគួរខ្លាចប្រទេសរុស្ស៊ីទេ។ នេះជាប្រសាសន៍លោកប្រធានាធិបតីពូទីន ប្រាប់ទៅអ្នកកាសែត​។ លោកមានប្រសាសន៍បន្តថា ពាក់ព័ន្ធនឹងវិបត្តិនៅប្រទេសអ៊ុយក្រែន រូបលោកពិតជាមានបំណងចង់ឲ្យភាគីជម្លោះ (រដ្ឋាភិបាលបាលអ៊ុយក្រែន និងក្រុមផ្ដាច់ទឹកដី) ឆាប់ត្រូវរ៉ូវគ្នា និងចុះសន្ធិសញ្ញាសន្តិភាពជាមួយគ្នា។ លោកពូទីនសុំមិនឆ្លើយសំណួរពាក់ព័ន្ធនឹងវិវាទរវាងរុស្ស៊ី និងបក្សសម្ព័ន្ធយោធាណាតូ (NATO) ទេ ដោយគ្រាន់តែបង្ហើបថា សព្វថ្ងៃនេះ អ្វីៗបានផ្លាស់ប្ដូរ មិនមែនដូចពីមុនទេ។ គេពុំគួរស្រមើស្រមៃទៅដល់សង្គ្រាមក្នុងទ្រង់ទ្រាយធំនោះឡើយ។

៤- ប្រទេសម៉ិកស៊ីកូកំពុងពង្រឹងសន្តិសុខជាតិ ដើម្បីត្រៀមរៀបចំការបោះឆ្នោតសកល។ រដ្ឋាភិបាលបានដាក់ពង្រាយនគរបាលជាតិ កងទ័ពជាតិ និងកងទ័ពជើងទឹកប្រហែល ៤០០០០ នាក់ដើម្បីធានាថាការបោះឆ្នោតកណ្ដាលអាណត្តិប្រព្រឹត្តទៅដោយរលូន និងគ្មានបញ្ហាអ្វីកើតឡើងពាក់ព័ន្ធនឹងសន្តិសុខជាតិ។ សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ សហជីពមួយក្រុម និងក្រុមជ្រុលនិយមមួយចំនួនទៀត បានគម្រាមរំខានមិនឲ្យការបោះឆ្នោត​នេះប្រព្រឹត្តទៅដោយងាយស្រួលទេ។

៥- គិតមកទល់នឹងពេលនេះ ចំនួនអ្នកស្លាប់ដោយសារឧបទ្ទវហេតុលិចកប៉ាល់ចម្លងនៅប្រទេសចិននោះ បានកើនដល់ ៣៩៦ នាក់ និង ៥០ នាក់ទៀតនៅមិនទាន់រកឃើញនៅឡើយ មិនទាន់ដឹងថាស្លាប់ ឬរស់ទេ។ សមត្ថកិច្ចកំពុងឃុំខ្លួនអ្នកបើកបរកប៉ាល់ និងប្រធានយន្តការី ដើម្បីសាកសួរព័ត៌មានលម្អិតអំពីមូលហេតុដែលនាំឲ្យលិចនាវា ឬកប៉ាល់នេះ។

៦- នៅឯកិច្ចប្រជុំប្រទេសដែលមានឧស្សាហកម្មរីកលូតលាស់ខ្លាំងទាំង ៧ ហៅកាត់ថា G7 នៅប្រទេស​អាល្លឺម៉ង់នោះ ប្រធានបទដែលសំខាន់ជាងគេគឺបញ្ហានៅប្រទេសអ៊ុយក្រែន និងបញ្ហាវិបត្តិបំណុលរបស់ប្រទេសក្រិក។ ក្រុមអ្នកសង្កេតការណ៍របស់សហភាពអឺរ៉ុបបានស្ដីបន្ទោសការប្រយុទ្ធគ្នាថ្មីៗបំផុតនៅអ៊ុយក្រែន ដោយជំរុញឲ្យ G7 និយាយច្បាស់ៗទៅកាន់លោកប្រធានាធិបតីរុស្ស៊ី ពូទីន។

អំពីបញ្ហាបំណុលរបស់ប្រទេសក្រិក ៖ រដ្ឋាភិបាលក្រិក និងម្ចាស់ឥណទាន និងម្ចាស់បំណុលបានចរចាគ្នាអស់​រយៈពេលជាច្រើនខែមកហើយ ដោយគ្មានបានទទួលលទ្ធផលអ្វីជាដុំកំភួនទេ។ ប្រសិនបើប្រទេសក្រិកអស់លទ្ធភាព​សងបំណុល ហើយក្ស័យធន នឹងត្រូវគេទាត់ចេញពីសមាជិកប្រទេសចាយប្រាក់អឺរ៉ូ (Euro zone)៕

…ព័ត៌មាន​អន្តរជាតិ​ទាន់​ហេតុការណ៍​​​សម្រាប់​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ទី៤ ខែមិថុនា…

ប្រែសម្រួល ៖ អន សំអាង
ប្រភព៖​ Business Insider

0 comments :

Post a Comment